ក្រុមនិស្សិត​ អាចចូលរួមជួយ ការងារអភិរក្ស និងជួសជុលប្រាសាទ ក្នុងតំបន់អង្គរ......

 

(ខេត្តសៀមរាប)៖ នាពេលខាងមុខនេះ ក្រុមនិស្សិត​ អាចចូលរួមជួយការងារអភិរក្ស និងជួសជុលប្រាសាទ ក្នុងតំបន់អង្គរ។ នេះបើតាមអាជ្ញាធរជាតិអប្សរា។



ការលើកឡើងដូច្នេះ បានធ្វើឡើង ក្នុងពេលនិស្សិតផ្នែក វិស្វកម្មសំណង់ស៊ីវិល ឆ្នាំទី៣ និងផ្នែកស្ថាបត្យកម្ម និងនគររូបនីយវិទ្យា ឆ្នាំទី៤ នៃសាកលវិទ្យាល័យន័រតុន បានធ្វើទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ។ ក្នុងនោះ​ ក្រុមនិស្សិត បានសិក្សាស្វែងយល់ពីការងារអភិរក្ស និងជួសជុលប្រាសាទ ដែលបង្ហាញ​ដោយក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាផងដែរ។



ពិធីសំណេះសំណាល និងការធ្វើបទបង្ហាញ ត្រូវបានរៀបចំឡើង នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ អ៊ិមព្រេស អង្គរ ក្នុងខេត្តសៀមរាប​។



មានមតិសំណេះសំណាលនៅពេលនោះ ឯកឧត្តម គឹម សុធិន អគ្គនាយករង និងទទួលបន្ទុកនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា និងជាតំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក បានចាត់ទុកដំណើរទស្សនកិច្ចសិក្សា នៅពេលនេះ ថាជាផ្នែកមួយដ៏មានតម្លៃ ដើម្បីឱ្យនិស្សិតស្វែងយល់ និងចាប់អារម្មណ៍​​ដល់ការងារប្រាសាទបុរាណ។



ឯកឧត្តមសង្ឃឹមថា ទៅអនាគត អាច​នឹងមានក្រុមនិស្សិត ​មកចូលរួមជួយការងារអភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់អង្គរ ខណៈដែលសព្វថ្ងៃ អាជ្ញាធរជាតិអប្សរា ក៏ត្រូវការធនធានបន្ថែម សម្រាប់ការងារទាំងនេះផងដែរ។



សូមបញ្ជាក់ថា ក្នុងពិធីខាងលើនេះ ក៏មានការធ្វើបទបង្ហាញពីការបច្ចេកទេសជួសជុល​ប្រាសាទឥដ្ឋ និងប្រាសាទថ្ម កំណាយស្រាវជ្រាវបុរាណវិទ្យា និងកំណាយសង្រ្គោះ​មុនធ្វើការជួសជុល និងបទបង្ហាញ​អំពីហានិភ័យ​ប្រាសាទ ពីក្រុមអ្នកជំនាញ​របស់អាជ្ញាធរជាតិអប្សរាផងដែរ៕










 

Powered by Blogger.