ការស៊ើបអង្កេតស្រាវជ្រាវ ឈានដល់បង្ក្រាប ករណីសញ្ចារកម្ម ចំនួន ៤ទីតាំង ក្នុងខណ្ឌច្បារអំពៅ រកឃើញជនរងគ្រោះ ១៥នាក់ គឺជាការអនុវត្តទិសដៅទី៤ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ!


  1. (ភ្នំពេញ)៖ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង២០និង០០នាទី នគរបាលនៃនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន សហការ


  2.  ជាមួយ អធិការដ្ឋាន នគរបាល ខណ្ឌ ច្បារអំពៅ សម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបករណីសញ្ចារកម្ម ចំនួន៤ទីតាំង រកឃើញជនរងគ្រោះ១៥នាក់ និងជនសង្ស័យជាស្ត្រីចំនួន៣នាក់។


  3. ប្រតិបត្តិការនេះ គឺជាការអនុវត្តទិសដៅទី៤ «ការជួញដូរមនុស្សគ្រប់ទម្រង់» ក្នុងចំណោមទិសដៅ ទាំង៦ដែលដាក់ចេញដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រោមមគ្គទេសន៍ សម្ដេចធិបតីនាយករដ្ឋមន្ត្រី។


  4. យោងតាម ព័ត៌មាន របស់ ស្នងការ ដ្ឋាន នគរបាល រាជធានីភ្នំពេញ ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបទាំង៤នោះរួមមាន៖ ១-ហាងម៉ាស្សាកោសជប់ (៩៩៩) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញ ជនរងគ្រោះ៥នាក់ (ស្រី ៤នាក់) និងជនសង្ស័យ ១នាក់(ស្រី)។
  5. ២-ហាងម៉ាស្សា (៧៧៧) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ៤នាក់ (ស្រី)។


  6. ៣-ហាងម៉ាស្សា (៩៩៩៩) ផ្ទះលេខ១១០០ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ៣នាក់(ស្រី) និងជនសង្ស័យ១នាក់(ស្រី)។
  7. ៤-ហាងម៉ាស្សាកោសជប់(៩៩៩៩) ផ្ទះលេខ០១ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររក ឃើញជនរងគ្រោះ៣នាក់ (ស្រី) និងជនសង្ស័យ១នាក់ (ស្រី)។
  8. ព័ត៌មានពីស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដដែលបញ្ជាក់ថា បច្ចុប្បន្ន ជនរងគ្រោះ និងជនសង្ស័យ រួមទាំងវត្ថុតាង ប្រគល់ជូននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីចាត់នីតិវិធីបន្ត។
  9. អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដដែល បានបង្ហាញពីផ្លូវច្បាប់ ជុំវិញករណីនេះថា យោងតាម ក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ មាត្រា២៨៤ បទសញ្ចារកម្ម គឺជាអំពើ ៖ ១.ទាញយកអត្ថប្រយោជន៍ ហិរញ្ញវត្ថុពីអំពើពេស្យាចារ របស់អ្នកដទៃ។
  10. ២.ជួញឬការពារអំពើ ពេស្យាចាររបស់អ្នកដទៃ ឬរៀបចំតាមគ្រប់មធ្យោបាយ នូវសកម្មភាពពេស្យាចារ។ ៣.ជ្រើសរើស ពង្រត់ ឬអូសទាញបុគ្គល ណាមួយឱ្យធ្វើអំពើពេស្យាចារ។ ៤.ធ្វើការគាបសង្កត់លើបុគ្គលណាមួយ ដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ។ មាត្រានេះកំណត់ផ្ដន្ទាទោសលើជនល្មើសដោយដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៤.០០០.០០០ (បួនលាន)រៀល ទៅ១០.០០០.០០០(ដប់លាន)រៀល។
  11. លោកបណ្ឌិត ទូច សុខៈ បានគូសបញ្ជាក់ដែរថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែផ្ញើសារតាមអង្គពិធីនានាជារឿយៗដល់មន្ត្រីនគរបាលជាតិគ្រប់ឋានានុក្រម បង្កើន ការ យក ចិត្តទុកដាក់ក្នុងបង្ក្រាប បទល្មើសជួញដូរផ្លូវភេទ ជាពិសេសការ ជួញដូរមនុស្សគ្រប់ទម្រង់។ លើសពីនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏ជំរុញ លើក ទឹក ចិត្តដល់ អង្គភាព នគរបាល ក្នុង សមត្ថកិច្ច នេះ ពង្រីកការផ្សព្វផ្សាយ អប់រំណែនាំដល់យុវជន ពិសេសយុវនារី ស្ត្រីជាមុខសញ្ញា អាណាព្យាបាល និងមហាជនទូទៅ  ឱ្យបានយល់ដឹងអំពីគ្រោះថ្នាក់ ឧបាយកលរបស់ជនល្មើស វិធីបង្ការទប់ស្កាត់ និង វិធី ដោះ ខ្លួន ចេញពីជនល្មើសជាដើម៕






Powered by Blogger.