នាយឧត្តមសេនីយ៍ ស ថេត៖​ ខេត្តសៀមរាប គឺជាប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់ ដូច្នេះកិច្ចការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូន ដល់ប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ អន្ដរជាតិ ជាកិច្ចការដែលចាំបាច់បំផុត

(ខេត្តសៀមរាប)៖ លោកនាយឧត្តមសេនីយ៍​ ស​ ថេត អគ្គស្នងការ នគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិ


បណ្ឌិត​ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក អ៊ាន​ ឃុន​ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ប្រាក់​ សោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ដែលកម្មវិធីប្រារព្ធធ្វើឡើងនៅ រដ្ឋបាលសាលាខេត្តសៀមរាប។​

ក្នុងឱកាសនោះ លោក​ ប្រាក់​ សោភ័ណ​ អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប បានមានមតិស្វាគមន៍ ភ្ញៀវទាំងអស់ ដែលបានអញ្ជើញ ចូលរួមក្នុងកម្មវិធីព្រឹកនេះ។ ជាមួយគ្នានោះ លោក បានថ្លែងអំណរគុណដល់ស្នងការ នគរបាលខេត្តសៀមរាប ដែលបានខិតខំ ប្រឹងប្រែងការពារប្រជាពលរដ្ឋ ក្នុងខេត្តកន្លងមក ប្រកបដោយ ការទទួលខុសត្រូវ ដោយមានការសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ធ្វើឲ្យមានសុខសុវត្ថិភាព ក្នុងខេត្តទាំងមូល។

លោកនាយឧត្តមសេនីយ៍​ ស​ ថេត អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ក្នុងកម្មវិធី គាំទ្ររបាយការណ៍សង្ខេប និងស្នាដៃរបស់អតីត ស្នងការលោកឧត្តមសេនីយ៍ទោ​ តេង ច័ន្ទណាត និងគាំទ្រការសន្យា និងការប្តេជ្ញាចិត្តរបស់ស្នង ការថ្មីលោកឧត្តមសេនីយ៍ទោ ហួត សុធី។ លោកនាយឧត្តមសេនីយ៍​ ស​ ថេត​ ឯកភាពចំពោះ ប្រសាសន៍លើកឡើងរបស់ លោកអភិបាលខេត្តសៀមរាប ដែលស្នងការថ្មី ត្រូវតែចាត់ទុកជាត្រីវិស័យ  និងយកទៅអនុវត្ត។

ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ ស ថេត បានកត់សម្គាល់នូវព្រឹត្តិការណ៍ និងសមិទ្ធផលសំខាន់ៗ មួយចំនួនដែលកើតចេញ និងការពារបានយ៉ាង ល្អពីសំណាក់កងកម្លាំង នគរបាលទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក កងកម្លាំងនគរបាលនៃ ស្នងការដ្ឋាននគរ បាលខេត្តសៀមរាប។

លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា កន្លងទៅកងកម្លាំង នគរបាលជាតិ  បានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡា ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម, ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់, ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ដ្រ នីតិកាលទី៧, ការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា និងត្រៀមលក្ខណៈដើម្បី ការពារការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្ត ទៅនាពេលឆាប់ៗខាងមុខ។

លោកនាយឧត្តមសេនីយ៍ ស ថេត បានបន្ថែមទៀតថា សម្រាប់មូលដ្ឋាន ខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់នេះ កិច្ចការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូន ដល់ប្រជាពលរដ្ឋ  អ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ អន្ដរជាតិ ជាកិច្ចការដែល ចាំបាច់បំផុត ហើយត្រូវយកចិត្ត ទុកដាក់ឲ្យ បានខ្ពស់បំផុត ដូច្នេះស្នងការថ្មី ត្រូវតែពង្រឹងលើកិច្ច ការងារទាំងអស់នេះ ដោយសហការជាមួយ ស្ថាប័នពាក់ព័ន្ធ និងពង្រឹងសាមគ្គីភាព ផ្ទៃក្នុងអង្គភាព។

ដើម្បីបន្តធានាឲ្យបានសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍ និងលើកស្ទួយកម្រិត ជីវភាពប្រជាពលរដ្ឋ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ បានដាក់ចេញនូវការណែនាំ និងផ្ដល់អនុសាសន៍ ជូនដល់ស្នងការនគរបាលខេត្តសៀមរាប យកទៅអនុវត្តដើម្បី ប្រសិទ្ធភាពការងារ ដូចខាងក្រោម៖

ទី១៖ ពង្រឹងតួនាទីភារ កិច្ចដឹកនាំរចនាសម្ព័ន្ធ​ ទៅតាមផែនតួនាទីចាំបាច់​ ការិយាល័យជំនាញ រហូតទៅដល់ប៉ុស្តិ៍រដ្ឋបាល​ ត្រូវមានធនធាន កន្លែងធ្វើការ និងរបបហូបចុក សុខមាលភាពរបស់មន្ត្រី និងព្យាករណ៍​ សន្និដ្ឋានជាមួយ ស្នងការរងទទួលជំនាញ ចំពោះសភាពការណ័បទល្មើស ដែលកំពុងកើតមានឡើងជា ប្រភេទបទល្មើស​ មធ្យម​ ធ្ងន់​ រឺ​ ស្រាល។ ការរៀបចំរបប ប្រជុំប្រចាំសប្តាហ៍​ ប្រចាំខែ ពិសេសទការស្លៀក ពាក់ឯកសណ្ឋាន ឲ្យបានត្រឹមត្រូវ។

*ទី២៖ បញ្ហាគ្រឿងញៀន ជាវិបត្តិសកលដែលយើងជា ប្រទេសងាយរងផលប៉ះពាល់ ហើយគ្រឿងញៀននេះ បានសាយភាយ ទៅដល់ភូមិសង្កាត់ ដែលយើងត្រូវតែរួម គ្នាទប់ស្កាត់មិនឲ្យមាន ការប្រើប្រាស់ការជួញដូរ  នៅតាមក្លឹបកម្សាន្ដ ពិសេសត្រូវចាត់ វិធានការឲ្យ បានដាច់ខាត។

*ទី៣៖ ត្រូវធ្វើជាសេនាធិការ គ្រប់ជ្រុងជ្រោយ ជូនគណៈបញ្ជាការឯកភាពខេត្ត ត្រូវបង្កើនកិច្ចសហការជាមួយអង្គភាព និងមន្ទីរពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ដើម្បីចូលរួមអនុវត្ត គោលនយោបាយ ភូមិឃុំសង្កាត់ មានសុវត្ថិភាព, អប់រំអំពីបរិស្ថាន បំផុសការចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោក​, បង្ក្រាបអំពើលួចឆក់ប្លន់ ក្មេងទំនើង។

*ទី៤៖ ត្រួតពិនិត្យនគរបាល ប៉ុស្តិ៍រដ្ឋបាលទាំង១០០ នៅទូទាំងខេត្តសៀមរាប ពិនិត្យពីសុខុមាលភាព ជាក់ស្តែង និងធ្វើរបាយការណ៍ បញ្ជូនឡើងមកថ្នាក់លើ ពិនិត្យពីធនធានមនុស្ស ពីជំនាញរបស់មន្ត្រី និងដាក់គ្រូបង្គោលដើម្បី បណ្តុះបណ្តាលបន្ថែម ពិសេសពាក់ព័ន្ធជំនាញសន្តិសុខ។

*ទី៥៖ ត្រូវមានឥរិយាបថទន់ភ្លន់ តែម៉ឺងម៉ាត់ ហើយជាមួយគ្នានោះ ត្រូវសហការគ្នាធ្វើការ ជាមួយអង្គភាពពាក់ព័ន្ធ ក្នុងគោលដៅតែមួយ គឺរក្សាសុវត្ថិភាពសន្តិសុខ, រក្សាសាមគ្គីភាពផ្ទៃក្នុង ពិសេសរក្សាឲ្យបាន តម្លៃរបស់កង កម្លាំងនគរបាលជាតិ ត្រូវមានការអប់រំ ឲ្យបានជាប់ជាប្រចាំ​ គោរពតាមបទបញ្ជា គណៈបញ្ជាការឯកភាពខេត្ត​ ជាមួយនោះដាក់ពិន័យ មន្រ្តីដែលប្រព្រឹត្តកំហុស និងលើកសរសើរចំពោះ មន្រ្តីដែលបំពេញភារកិច្ចល្អ។ ត្រូវចេះតាមដានពិនិត្យសុខភាព ហាត់ប្រាណឲ្យ បានទៀងទាត់ ក្នុងករណីឈឺថ្កាត់ ត្រូវសុំច្បាប់ឲ្យ បានត្រឹមត្រូវ។

ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស​ ថេត អគ្គស្នងការនគរបាលជាតិ ក៏បាននាំយកមកនូវ អំណោយមួយចំនួនជា៖ ឧបករណ៍សម្ភារ បម្រើឲ្យការងារជំនាញ ក្នុងប្រតិបត្តិការអន្តរាគមន៍ និងសង្គ្រោះ សម្រាប់ផ្តល់ ជូនដល់ស្នងការដ្ឋាន និងអធិការដ្ឋានដែលក្នុ ងនោះ៖ *ស្នងការដ្ឋានទទួលបាន អាវការពារគ្រាប់ ចំនួន១២០អាវ ទុសៀ ចំនួន១២០កំប្លេរ ដំបងបញ្ជាចរាចរណ៍ ចំនួន១២០ដើម ខ្នោះដៃ ចំនួន១២០គូ ឧបករណ៍សង្គ្រោះ (ម៉ាស៊ីនទំលុះបេតុង និងរណាកាត់ដែក) ចំនួន០៧គ្រឿង ខ្សែហ៊ុំព័ទ្ធកន្លែងកើតហេតុ ចំនួន១២០ដុំ ទូកម៉ាស៊ីន ចំនួន០៣គ្រឿង ប៉ៅអី និងកៅអីចល័ត ចំនួន១២០ ជូនដល់អធិការដ្ឋានទាំង ១៣ក្រុង-ស្រុក ក្នុង១អធិការដ្ឋាន ទទួលបាន០៣កំប្លែរ អាវការពារគ្រាប់ ទូសៀ ដំបងបញ្ជា ចរាចរណ៍ខ្នោះដៃ ប៉ៅអី និងកៅអីចល័ត។

បន្ថែមពីនេះ​ លោកនាយឧត្តមសេនីយ៍ ស​ ថេត ក៏បានឧបត្ថម្ភថវិកាដល់ ស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ចំនួន ១០លានរៀល, កងរាជអាវុធហត្ថខេត្ត ចំនួន ៣លានរៀល, តំបន់ប្រតិការសិក រងខេត្ត ៣លានរៀល និងពន្ធនាគារខេត្ត ៣លានរៀល៕

 

Powered by Blogger.