សម្ដេចតេជោអំពាវនាវដល់ ពលករខ្មែរឱ្យវិលត្រឡប់ មកមាតុភូមិវិញមុនពេល អាជ្ញាធរថៃប្រមាថ..

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអំពាវ នាវដល់ពលករខ្មែរ ឱ្យវិលត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃបណ្តេញ ចេញនិងការប្រមាថ។ នេះបើតាមបណ្ដាញ សង្គមហ្វេសប៊ុកសម្ដេចតេជោ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។


សម្ដេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា បងប្អូនខ្លះបានចោទសួរថា មានបងប្អូននៅថៃ៣០ឆ្នាំ ហើយចង់មករស់នៅ មើលម្តាយដែលមានអាយុ៨០ឆ្នាំ តែគាត់ពុំមានឯកសារ។ ខ្ញុំអាចឆ្លើយបានថា អ្នកណាក៏ដោយឱ្យតែ ជាខ្មែរទោះមានឬគ្មាន ឯកសាររាជរដ្ឋាភិបាល ទទួលយកបានទាំងអស់ ដោយគ្មានការរើសអើង។ សូមបងប្អូនពលករវិល ត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញនិងការប្រមាថ។ 

សម្ដេចតេជោបានគូស រំលេចថា"ខ្ញុំនិយាយបែបនេះព្រោះខ្ញុំយល់ច្បាស់ថាជម្លោះព្រំដែនកម្ពុជា -ថៃ នឹងអូសបន្លាយពេលយូរពិសេស នៅពេល កម្ពុជាដាក់ពាក្យ ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ពេលនោះពួកជ្រុលនិយម ថៃនិងយោធាថៃមួយចំនួននឹងរករឿងធ្វើបាបបងប្អូន។នេះជារឿងពិត ដែលបាននិងកំពុងកើតឡើងនិងត្រូវតែកើតឡើងដោយចៀសមិនរួច។សូមជម្រាបថា នៅថ្ងៃទី១៤ ខែមិថុនានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវវិធានការ និងការ ណែនាំសំខាន់ៗមួយចំនួន ក្នុងនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងា រក្នុងប្រទេសជូនបងប្អូនដែលត្រលប់ មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមជាង ៧ម៉ឺននាក់។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈ ក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរ ដែលត្រូវត្រឡប់ មកវិញក្នុងការ សម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍ សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួន។

សម្ដេចធិបតី ក៏បានអំពាវនាវឱ្យ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយ សម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់បងប្អូនប្រជាពលករ ដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់ បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។ សម្ដេចតេជោ ហ៊ុន សែន បានហៅវិធានការនេះថា ជាវិធានការគ្រប់ជ្រុងជ្រោយ ដែលជួយសម្រួលដល់ បងប្អូនដែលវិលត្រឡប់ មកស្រុកកំណើតវិញដើម្បី រកការងារធ្វើឬបង្កើតមុខរបរថ្មី៕SHS/AKP

Powered by Blogger.