យុវជនម្នាក់ត្រូវបាន មិត្តភក្តិ២នាក់ នាំទៅផឹកស៊ីស្រវឹង ទៅជក់ថ្នាំវង្វេង បាត់ស្មារតី ត្រូវមិត្តភក្តិឆ្លៀត ឱកាស យកម៉ូតូជិះ គេចទៅបាត់

 (ភ្នំពេញ)៖ យុវជនម្នាក់ត្រូវ បានមិត្តភក្តិ២នាក់ នាំទៅផឹកស៊ីស្រវឹង រួចបន្តទៅជក់ថ្នាំវង្វេង បាត់ស្មារតី ត្រូវមិត្តភក្តិឆ្លៀត ឱកាសយកម៉ូតូ ជិះគេចទៅបាត់ ។



ហេតុការនេះបង្កឱ្យ ភ្ញាក់ការផ្អើលឡើង កាលពីម៉ោង៨យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅមុខវិទ្យាល័យជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនខាងលើមានឈ្មោះ យន់ សុផេន អាយុ១៩ឆ្នាំ ស្នាក់នៅជាមួយ បងនៅផ្ទះជួល បុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើត ភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ម៉ូតូដែលមិត្តភក្តិជិះយកទៅបាត់ ម៉ាកហុងដាឌ្រីម សេរី២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1M-8573 ។

បើតាមសម្តីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ មិត្តភក្តិ២នាក់បបួល ឱ្យឌុបទៅផឹកស៊ីនៅម្តុំ ផ្សារអូរឫស្សី ខណ្ឌ៧មករា ពេលស្រវឹងហើយ មិត្តភក្តិបបួលទៅជក់វេប និងជក់ថ្នាំ នៅមុខវិទ្យាល័យជម្ពូវ័ន  កាន់តែវិល ទន់ដៃជើង រួចបបួលបម្រុងជិះ ទៅលេងមុខវាំង តែទន់ខ្លាំងពេក ជិះម៉ូតូអត់កើត ត្រូវបានមិត្តភក្តិ ទាំង២នាក់ ចាប់ទាញឱ្យចុះពីលើម៉ូតូ ហើយនាំគ្នាឡើង ជិះគេចទៅបាត់ ខំដើរតាមទាំងត្រដាប ត្រដួសរហូត ដល់ផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ ទៅមុខលែងរួចទន់ដួលតែម្តង ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះទៅ អន្តរាគមន៍ទាក់ទង ទៅក្រុមគ្រួសារ ឱ្យឌុបជូនទៅពេទ្យ រង់ចាំស្វាងបន្តិច ឱ្យជនរងគ្រោះទៅ ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ដើម្បីស្រាវជ្រាវបន្ត ៕

Powered by Blogger.