គណៈរដ្ឋមន្ត្រីថៃ អនុម័តគម្រោង បោះឆ្នោតព្រឹទ្ធសភា ជាលើកដំបូងចាប់ តាំងពីរដ្ឋប្រហារ

(ប្រទេសថៃ)៖ សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានផ្សាយថា រដ្ឋាភិបាលថៃបានឱ្យដឹងកាលពី


ថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួននឹងរៀបចំការបោះឆ្នោត ព្រឹទ្ធសភានៅខែមិថុនា ដែលជាការបោះឆ្នោត ព្រឹទ្ធសភាលើកដំបូង ចាប់តាំងពីរដ្ឋប្រហារយោធា មួយទសវត្សរ៍មកនេះ។

ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីថៃ លោក Srita Thavisin បានគាំទ្រផែនការ សម្រាប់ដំណើរការបោះឆ្នោត ពហុដំណាក់កាល ដ៏ស្មុគស្មាញនេះ។ លើសពីនេះ គណៈរដ្ឋមន្ត្រីក៏បាន យល់ព្រមធ្វើប្រជាមតិ ដើម្បីសួរប្រជាជនថៃថា តើពួកគេនឹងគាំ ទ្រការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដែលត្រូវបានគូរឡើងដោយ របបយោធា ដែលកាន់អំណាច កាលពីឆ្នាំ២០១៧ដែរឬទេ។

ព្រឹទ្ធសភាបច្ចុប្បន្នមាន សមាជិកចំនួន២៥០រូប ដែលត្រូវបានតែងតាំង ដោយរបបយោធា ដែលបានកាន់អំណាចក្នុងឆ្នាំ ២០១៤ បានដើរតួនាទីយ៉ាង សំខាន់ក្នុងការកំណត់ លទ្ធផលនៃការបោះ ឆ្នោតសកលកាលពីឆ្នាំមុន។

គណបក្ស Move Forward (MFP) បានឈ្នះអាសនៈច្រើន ជាងគេនៅក្នុងសភា ប៉ុន្តែមេដឹកនាំរបស់ខ្លួន គឺ លោក Pita Limjaroenrat ត្រូវបានរារាំងមិន ឱ្យក្លាយជានាយករដ្ឋមន្ត្រី ដោយសារតែគាត់ មិនបានប្រមូលការគាំ ទ្រគ្រប់គ្រាន់នៅក្នុងព្រឹទ្ធសភា។ អាស្រ័យហេតុនេះ លោក Srita មកពីគណបក្សភឿថៃ ដែលទទួលបានអាសនៈ ច្រើនជាងគេទីពីរបានបង្កើត រដ្ឋាភិបាលចម្រុះជាមួយបក្ស ដែលមានទំនាក់ទំនង ជាមួយយោធា។

នៅក្នុងដំណើរការនេះ សមាសភាពនៃសភាជាន់ខ្ពស់ (ព្រឹទ្ធសភា) នឹងត្រូវបានសម្រួលមកត្រឹមចំនួន ២០០រូប ដែលនឹងត្រូវបានជ្រើសរើសពីក្រុមតំណាង២០វិស័យផ្សេងៗនៃសង្គម ដូចជា យុត្តិធម៌ ការអប់រំ សុខភាពសាធារណៈ ឧស្សាហកម្ម សិល្បៈ កីឡា មនុស្សចាស់ និងជនជាតិភាគតិចជាដើម។

ទោះយ៉ាងណាក៏ដោយ មានតែបេក្ខជនប្រជែង តំណែងសមាជិកព្រឹទ្ធសភា ប៉ុណ្ណោះទើបមានសិទ្ធិចូលរួម ក្នុងដំណើរការបោះឆ្នោត ដែលនឹងធ្វើឡើងចំនួនបីជុំ គឺនៅថ្ងៃទី ៩ ខែមិថុនា ថ្ងៃទី ១៦ ខែមិថុនា និងថ្ងៃទី ២៦ ខែមិថុនា។

អ្នករិះគន់អះអាងថា វិធីសាស្ត្រនេះខ្វះ គោលការណ៍ប្រជាធិបតេយ្យ ហើយធ្វើឱ្យដំណើរការ ស្មុគស្មាញដោយមិនចាំបាច់។ អ្នកនាំពាក្យរបស់គណៈបក្ស Move Forward លោក Parit Wacharasindhu បានថ្លែងប្រាប់ទីភ្នាក់ងារ AFP ថា «នេះមិនមែនជាការបោះឆ្នោតទេ ពីព្រោះសមាជិកព្រឹទ្ធសភា មិនបានមកដោយផ្ទាល់ពីសាធារណជនទេ»។ លទ្ធផលបោះឆ្នោត ត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសនៅថ្ងៃទី ២ ខែកក្កដា៕

Powered by Blogger.