ឯកឧត្តម ឡាំ ជា បញ្ជាក់ថា «កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) ប្រព្រឹត្តទៅដោយរលូន»

(ភ្នំពេញ)៖ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែនកម្ពុជា បានមានប្រសាសន៍ខ្លីនៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) ថា«កិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន»។ ឯកឧត្តមរដ្ឋមន្ត្រី ឡាំ ជា មិនបានផ្តល់អត្ថាធិប្បាយអ្វីច្រើនលើកិច្ចប្រជុំនេះទេ។ 


សូមជម្រាបថា កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ បានចាប់ផ្តើមដំណើរការ ជាផ្លូវការនៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។ មុនកិច្ចប្រជុំ JBC គឺមានកិច្ចប្រជុំចង្អៀតរវាងភាគីកម្ពុជា-ថៃ ដោយភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ឡាំជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងឯកឧត្តម ប្រាសាស ប្រាសាសវិនិច្ឆ័យ តំណាងភាគីថៃ។ បន្ទាប់ពីចប់កិច្ចប្រជុំចង្អៀតភាគីទាំងពីរ បានចូលកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ។ កិច្ចប្រជុំ JBC បានធ្វើឡើងក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែន គោកកម្ពុជា-ថៃ (JBC) បានបញ្ចប់នៅម៉ោងជិត៤រសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ប្រព្រឹត្តទៅដោយរលូន ដោយភាគីទាំងពីរបានពិភាក្សាក្នុងបរិយាកាសល្អ យោគយល់គ្នាខ្ពស់។ កិច្ចប្រជុំនឹងបន្តនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមបើកកិច្ចប្រជុំនៅម៉ោង ១១:៤០ នាទី និងមានកិច្ចប្រជុំចង្អៀតមួយរវាងភាគីទាំងពីរកម្ពុជា-ថៃ។ សមាសភាពគណៈកម្មការចម្រុះកម្ពុជា-ថៃ (JBC) ដែលចូលរួមប្រជុំរួមមាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាប្រធានគណៈប្រតិភូកម្ពុជា ហើយ រដ្ឋាភិបាលថៃ បានចាត់តាំង លោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ជាប្រធានគណៈប្រតិភូ ដើម្បីចរចាជាមួយកម្ពុជា ក្នុងកិច្ចប្រជុំ JBC នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ សណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។

មិនមានប្រភពព័ត៌មាន ណាមួយបញ្ជាក់ពីរបៀបវារៈ នៃកិច្ចប្រជុំក៏ដូចជាលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការចម្រុះ ព្រំដែនកម្ពុជា-ថៃនៅថ្ងៃនេះនៅឡើយទេ។ ភាគីកម្ពុជានិងថៃស្ថិតក្នុង កិច្ចចរចាក៏មិនផ្តល់អត្ថាធិប្បាយ អ្វីជូនដល់អ្នកសារព័ត៌មានទេ។ 

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងដល់ សាធារណជនតាមរយៈ ហ្វេសប៊ុកផ្លូវការរបស់លោកថា ថ្ងៃសៅរ៍ទី១៤ មិថុនា ឆ្នាំ២០២៥ ស្អែកនេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពី ខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កម្ពុជាបន្តសហការជាមួយ ភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេស  ទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។ 

ជាមួយគ្នានេះ សម្តេចធិបតីបានគូសបញ្ជាក់ថា ជូនដល់បងប្អូនជនរួមជាតិ ឲ្យបានជ្រាបថា បញ្ហាពីរដែលនឹងមិន ត្រូវលើកមកពិភាក្សា នៅក្នុងកិច្ចប្រជុំ JBC ថ្ងៃស្អែកគឺ÷ ១. បញ្ហាព្រំដែនពាក់ព័ន្ធនឹង ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវលើកយកមក ពិភាក្សាក្នុងកិច្ចប្រជុំ JBC នេះទេ ព្រោះកម្ពុជាបាន សម្រេចយកបញ្ហាព្រំដែន នៅតំបន់ទាំងបួនទៅដោះស្រាយ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ភាគីកម្ពុជានៅរង់ចាំការបញ្ជាក់ ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ JBC ស្អែកនេះថា តើថៃនិងចូលរួមជាមួយកម្ពុជា ក្នុងការយកបញ្ហានៅតំបន់ ទាំងបួននេះទៅតុលាការ យុត្តិធម៌អន្តរជាតិឬទេ? ខ្ញុំសូមបញ្ជាក់ជូនបងប្អូនរួម ជាតិសារជាតិថ្មីថា បើទោះជាភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹង ជាឯកតោភាគីទៅ ICJ នៅតំបន់ទាំងបួននេះ ដោយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបញ្ជូន លិខិតជាផ្លូវការទៅតុលាការយុត្តិធម៌ អន្តរជាតិនៅថ្ងៃអាទិត្យទី ១៥ មិថុនា ខានស្អែកនេះ។ 

២. បញ្ហាការបិទព្រំដែន ក៏នឹងមិនត្រូវដាក់ ជាកម្មវត្ថុក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំ JBC ស្អែកនេះដែរ ម្យ៉ាងដោយសារការ បិទឬបើកច្រកព្រំដែនមិនមែន ជាសមត្ថកិច្ចរបស់ JBC ទេ។ ម្យ៉ាងទៀតគឺ បញ្ហាពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាកងទ័ពថៃ ដែលបានចាប់ផ្ដើមដាក់ វិធានការបិទច្រកព្រំដែន ជាឯកតោភាគីកាលពីថ្ងៃទី៧ មិថុនាកន្លងទៅនេះ ធ្វើការបើកព្រំដែន ដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ។ កម្ពុជាមិនមានបំណងបង្កបញ្ហា ដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្ម របស់ប្រជាជនថៃនិង កម្ពុជាតាមព្រំដែនទេ។ ប៉ុន្តែកម្ពុជាក៏មាន សមត្ថភាពគ្រប់គ្រាន់ ក្នុងការដាក់ចេញនូវវិធាន ការនានាដើម្បីឆ្លើយតបទៅ នឹងការគំរាមកំហែង ឬការដាក់សំពាធពីខាងក្រៅ។

«ខ្ញុំសូមបញ្ជាក់ថា កម្ពុជាមិនមែនជា អ្នកចាប់ផ្ដើមបញ្ហានេះទេ។ ហេតុដូច្នេះកម្ពុជាក៏មិន ត្រូវជាអ្នកដែលបញ្ចប់បញ្ហានេះមុនដែរ។ រឿងដែលកើតឡើង ដោយឯកតោភាគី ត្រូវបញ្ចប់វិញដោយឯកតោភាគី។ មិនមានការចាំបាច់ចរចាគ្នានោះទេ។ អ្នកណាចាប់ផ្ដើមមុន អ្នកនោះបញ្ចប់មុនទៅជាការស្រេច»។ នេះជាការសង្កត់ធ្ងន់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី៕

Powered by Blogger.