សម្តេចធិបតី៖ ស្ពានកោះនរា ជាសមិទ្ធផលជាតិថ្មីសន្លាងមួយ កើតចេញពីការអភិវឌ្ឍ ដោយប្រើប្រាស់រូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត”
(រាជធានីភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ស្ពានកោះនរា
ជាសមិទ្ធផលរបស់ជាតិថ្មីសន្លាងមួយ កើតចេញពីការអភិវឌ្ឍ ដោយប្រើប្រាស់រូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត”។

ស្ពាននេះ នឹងរួមចំណែកក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ជាពិសេស បានកាត់បន្ថយការចំណាយ ព្រមទាំងបានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងស្រុកកៀនស្វាយ។
សមិទ្ធផលថ្មី និងដ៏សំខាន់មួយនេះ
ស្ថិតនៅក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាពគន្លឹះទាំង៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១
របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។
សូមបញ្ជាក់ផងដែរថា
ស្ពានតភ្ជាប់រវាងទីក្រុងរណបកោះនរា ដែលស្ថិតនៅខណ្ឌច្បារអំពៅ
និងទីក្រុងរណបកោះពេជ្រ ស្ថិតនៅខណ្ឌចំការមន ដោយឆ្លងកាត់ទន្លេបាសាក់
ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២០ ដែលសាងសង់ដោយក្រុមហ៊ុន OCIC។
ស្ពានខ្សែកាបដ៏ថ្មីសន្លាងមួយនេះ មានប្រវែង ៨៤៤ ម៉ែត្រ និង ទទឹង២៤,៥០ ម៉ែត្រ ចែកចេញជា ៤គន្លងរថយន្ត ២គន្លងទោចក្រយានយន្ត និង
២គន្លងសម្រាប់ថ្មើរជើង
ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេទាំងសងខាងផងដែរ។
ស្ពានកោះនរា គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
Post a Comment