បណ្តាសហគមន៍ នេសាទនៅខេត្តកែប កំពុងវិវឌ្ឍន៍ខ្លួន តាមរយៈការបង្កើត​ អោយមានកញ្ចប់ទេសចរណ៍

ខេត្តកែប៖ បណ្តាសហគមន៍ នេសាទនានាតាមបណ្តោយខេត្ត ជាប់មាត់សមុទ្រកម្ពុជា ជាពិសេសខេត្តកែប និងកំពត កំពុងប្រឹងប្រែងអភិវឌ្ឍន៍ទីតាំងរៀងៗខ្លួន ដើម្បីបង្កើនការទាក់ទាញ ក្រុមអ្នកទេសចរ ក្នុងន័យបន្ថែមចំណូលជូនដល់សមាជិក។

តាមរយៈសក្តានុពលដែលមាន សហគមន៍អាចមានលទ្ធភាពក្នុងការ រៀបចំអោយមានការបោះតង់ សិក្សាពីជីវភាពរបស់អ្នកនេសាទ ក្នុងតំបន់ និងសកម្មភាពផ្សេងទៀតបាន។

លោក វន សំភាស់ នាយកប្រចាំប្រទេសរបស់អង្គការ អេដឹអេស្យុងអន្តរជាតិ (AEA) ក្នុងដំណើរទស្សនកិច្ច ជាមួយបណ្តាញអ្នកធ្វើ ការលើវិស័យទេសចរណ៍ បានអោយដឹងកាល ពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះថា បណ្តាសហគមន៍ នេសាទរបស់យើង ជាពិសេសខេត្តកែប មានជីវចម្រុះដែល សម្បូរបែប យើងមានឆ្នេរសមុទ្រ មានព្រៃកោងកាង ដែលជាប្រភពមួយដ៏ ល្អសម្រាប់ជីវចម្រុះ ហើយបើយើងនាំ គ្នាកែច្នៃតំបន់សក្តានុពលទាំងនោះបន្ថែម នោះយើងនឹងអាច ជួយដល់សេដ្ឋកិច្ចរបស់ ប្រជាសហគមន៍ក្នុង មូលដ្ឋានរបស់យើង តាមរយៈវិស័យទេសចរណ៍។លោកបន្ថែមថា នៅខេត្តកែបមាន សហគមន៍ចំនួន ៥ ដែលយើងកំពុងរិះរកវិធី បន្ថែមដើម្បីរុញអោយ សហគមន៍ទាំងនោះ កាន់តែមានដំណើរការទៅមុខ ដោយបច្ចប្បន្នយើង មានសហគមន៍នេសាទ អូរក្រសារ និងសហគមន៍នេសាទភូមិថ្មី កំពុងបន្តភាពរីក ចម្រើនរបស់ខ្លួន។

ហើយសហគមន៍អូរក្រសារ នឹងមានសមិទ្ធផលថ្មីរបស់ខ្លួន នាពេលដ៏ខ្លីខាងមុខ តាមរយៈដំណើរទស្សនកិច្ចនាថ្ងៃនេះ៕ ដោយលោក សេង ណារិទ្ធ












Powered by Blogger.