អភិបាលខេត្តកែប បញ្ជាឱ្យពិនិត្យឡើងវិញ រាល់ផ្ទាំងផ្សព្វផ្សាយទាំងអស់....


  1. (ខេត្តកែប) ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដាក់បញ្ជាឱ្យ មន្ត្រីថ្នាក់ក្រោមត្រូវ ចុះត្រួតពិនិត្យ រាល់សកម្មភាពស្លាក ផ្សាយពាណិជ្ជកម្ម ទាំងអស់ឡើងវិញនៅខេត្តកែប។


  2. ការបញ្ជានេះ ធ្វើឡើង ក្នុងឱកាសលោកអញ្ជើញបិទ សន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់រដ្ឋបាលស្រុកដំណាក់ចង្អើរ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។


  3. ឯកឧត្តម សោម ពិសិដ្ឋ បានលើកឡើងថា នារយៈពេលប៉ុន្មានថ្ងៃនេះ ខេត្តកែប មានផ្ទុះការរិះគន់ រឿងការដាក់តាំងស្លាកប៉ាណូ ផ្សព្វផ្សាយស្រាបៀរ តាមសួនច្បារ នៅបណ្តោយផ្លូវជាតិលេខ ៣៣A និងឆ្នេរលេងទឹកខេត្តកែប តែយ៉ាងណា ស្លាកប៉ាណូទាំងនោះ ត្រូវបានអាជ្ញាធរឱ្យ ក្រុមហ៊ុនដកចេញ វិញរួចរាល់អស់ហើយ។
  4. បន្ថែមពីនោះ អភិបាលខេត្តកែប បានដាក់បញ្ជាឱ្យមន្រ្តីជំនាញ និងអាជ្ញាធរថ្នាក់ក្រោម ត្រូវចុះត្រួតពិនិត្យរាល់ផ្ទាំងប៉ាណូ ស្លាកផ្សាយពាណិជ្ជកម្មទាំងអស់ និងត្រូវអនុត្តឱ្យមានប្រសិទ្ធភាព។


  5. ឯកឧត្តម សោម ពិសិដ្ឋ បានណែនាំដោយសង្កត់ធ្ងន់ថា គណៈបញ្ជាការឯកភាពក្រុង ស្រុកទាំងអស់ ត្រូវចុះត្រួតពិនិត្យ រាល់ពេលមានស្លាក ពាណិជ្ជកម្មគ្រប់ប្រភេទ ពាក់ព័ន្ធគម្លាតចូលចំណីផ្លូវ ប៉ះពាល់ដល់ទីតាំងសាធារណៈ ឬស្លាកពាណិជ្ជកម្មដែល ធ្វើឱ្យប៉ះពាល់ដល់ សីលធម៌សង្គមជាដើម ហើយត្រូវកាត់ចោល ឬចុះរើចេញរាល់ស្លាក ផ្សព្វផ្សាយណារកឃើញ ថាមិនមានភាពត្រឹមត្រូវ៕ ដោយលោក សេង ណារិទ្ធ








Powered by Blogger.