ឯកឧត្តមបណ្តិត សោម ពិសិដ្ឋ អញ្ជើញប្រកាសអភិបាលស្តីទី នៃគណៈអភិបាលក្រុងកែប
- (ខេត្តកែប)៖ យោងលិខិតប្រកាស ស្តីពី ការប្រគល់សិទ្ធជូនមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃ បានសម្រេចប្រគល់សិទ្ធជូនលោក ឃន វុទ្ធី ឋានន្តរស័ក្តិ វរមន្រ្តីថ្នាក់លេខ២ ជាអភិបាលស្តីទី នៃគណៈអភិបាលក្រុងកែប ខេត្តកែប។ ដោយពិធីប្រកាសនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅសាលប្រជុំនៃសាលាក្រុងកែប។
- មានប្រសាសន៍ក្នុងពិធីនោះដែរ ឯកឧត្តម សោម ពិសិដ្ឋ
អភិបាលខេត្តកែបលើកឡើងថា ការប្រកាសអភិបាលក្រុងស្តីទី លោក ឃន វុទ្ធី
ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២
គឺយោងទៅលើភាពចាំបាច់ក្នុងការដឹកនាំដល់រដ្ឋបាលសាលាក្រុងកែប និយាយជារួម
គឺសំដៅធ្វើយ៉ាងណាឲ្យមានការគ្រប់គ្រង មានភាពម្ចាស់ការ
សម្រាប់រដ្ឋបាលក្រុងកែបអោយកាន់តែមានប្រសិទ្ធភាពក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន
សំខាន់ជាងនេះរដ្ឋបាលក្រុងត្រូវតែបន្តនិរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្តុំកម្លាំងសរុបសំដៅជម្រុញ បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ
គ្រប់គ្រងរដ្ឋបាលក្រុង អោយកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើនូវ សេវាសាធារណៈជូន ដល់ប្រជាពលរដ្ឋ
។
- ដើម្បីជាមូលដ្ឋានក្នុង ការអុវត្តការងារបន្ត
ឯកឧត្តមបណ្ដិត បានធ្វើការណែនាំ ដល់អភិបាលស្តីទីក្រុងកែប ក៏ដូចជាមន្ត្រីចំណុះ អោយរដ្ឋបាលសាលាក្រុងទាំងអស់
នូវចំណុចសំខាន់ៗជាច្រើន ជាពិសេសលោកណែនាំ អោយអភិបាលស្តីទីក្រុងកែប
បន្តរក្សាអោយបាននូវការ អនុវត្តការរៀបចំសណ្តាប់ សាធារណៈនៅតាមបណ្តោយឆ្នេរអោយ កាន់តែប្រសើរ
បំបាត់អោយបាននៅនូវ ភាពអវិជ្ជមានរបស់អាជីវករ ក្រៅពីនេះត្រូវចុះជួបសំណេះ
សំណាលជាមួយពលរដ្ឋ នៅមូលដ្ឋានជាក់ស្តែង ដើម្បីប្រមូលបញ្ហាប្រឈម និងសំណូមពរ
ដោះស្រាយជូនប្រជាពលរដ្ឋ។
- បន្ថែមពីនោះឯកឧត្តមបណ្តិត សំណូមពរដល់មន្ត្រីរាជការ ទាំងអស់នៅក្នុងសាលាក្រុងកែប សូមខិតខំបំពេញការងារ និងម្ចាស់ការទទួលខុស ត្រូវលើកិច្ចការដែលថ្នាក់ដឹកនាំ បានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវខិតខំរៀន សូត្រយកចំណេះវិជ្ជា ធ្វើការអភិវឌ្ឍន៍សមត្ថភាព បំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យ បច្ចេកវិទ្យាព័ត៌មាន នាពេលបច្ចុប្បន្ន៕ ដោយលោក សេង ណារិទ្ធ
Post a Comment